សាលាចំណេះទូទៅអន្ដរជាតិសេតថ៍បិទទ្វារដោយអាថ៌កំបាំងប្រាក់ខែគ្រូ និងថ្លៃឈ្លួលឡានដឹកសិស្ស អត់បើកឱ្យ៣ខែហើយ
ដោយ ៖ រ៉ានីត
ថ្ងៃទី 02-02-2012 ម៉ោង 07:04:48 ខេត្ដស្វាយរៀង ៖ សាលាចំណេះទូទៅអន្ដរជាតិសេតថ៍បិទទ្វារដោយអាថ៌ ធ្វើឱ្យ មានការភ្ញាក់ផ្អើលដល់សិស្សានុសិស្ស និងមាតាបិតាសិស្ស យ៉ាងខ្លាំង ខណៈដែលអ្នកយាមទ្វារបាន និយាយថា នាយក នាយករងទៅភ្នំពេញ អស់ហើយពួកគេមិនដឹងមូលហេតុអ្វី នោះទេ ។
ករណីនេះបានកើតឡើងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង៧ព្រឹក នៅផ្ទះលេខ ១១ ផ្លូវលេខ២០៩ ក្នុងភូមិស្រះវង្ស សង្កាត់ក្រុងស្វាយរៀង ដោយសារមាន មាតាបិតា សិស្សានុសិស្ស កម្មករ បុគ្គលិក និងអ្នកបើករថយន្ដដឹកសិស្ស ៥០នាក់ បានមកប្រមូលផ្ដុំគ្នានៅពីមុខ សាលាចំណេះទូទៅអន្ដរជាតិសេតថ៍ ទាមទារឱ្យនាយកសាលាចេញមកដោះ ស្រាយ និងបញ្ជូនឈ្មោះឱ្យសិស្សានុសិស្ស បានចូលប្រឡងឆមាសនៅសាលារដ្ឋ ស្របច្បាប់ និងបានរៀនបន្ដទៀត ប៉ុន្ដែ ខណៈនោះស្រាប់តែអ្នកយាមប្រាប់ថា នាយក នាយករងគាត់មិននៅទេសាលា ត្រូវបិទទ្វារមួយរយៈសិន ដោយមិនដឹង មូលហេតុ ។
ប្រភពព័ត៌មានពីបុរសជាបុគ្គលិក សាលាសេតថ៍ម្នាក់មិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្នុងក្រុងស្វាយរៀងមានទី តាំងសាខា២កន្លែងទី១.នៅភូមិស្រះវង្ស ទី២.នៅភូមិមេភ្លើង សង្កាត់ក្រុងស្វាយ រៀង ដែលសាខាទាំង២កន្លែងនេះ ត្រូវបិទ ទ្វារទាំងអស់ ។ សាលាសេតថ៍នេះមាន បង្រៀនថ្នាក់ចំណេះទូទៅចាប់ពីថ្នាក់ មត្ដេយ្យ រហូតដល់ថ្នាក់ទី១២ ក្នុងនោះក៏ មានថ្នាក់បង្រៀនភាសាអង់គ្លេសពីមត្ដេយ្យ ដល់ថ្នាក់ទី១២ដែរ ដែលសរុបសិស្សមាន ប្រមាណ៥០០នាក់ ។ ប្រភពដដែលបាន បន្ដទៀតថា តម្លៃសិក្សាក្នុងសិស្សម្នាក់១ ឆ្នាំតម្លៃ២៥០ ទៅ៣០០ដុល្លារតាមការ ចុះឈ្មោះមុនក្រោយនិងទៅតាមមុខវិជ្ជា។ ចំណែកបុគ្គលិកលោកគ្រូ អ្នកគ្រូមាន២០ នាក់ក៏មិនទាន់បើកប្រាក់ខែចំនួន៣ខែមក ហើយទើបបណ្ដាលឱ្យគ្រូៗឈប់បង្រៀន សិស្សបែបនេះ ។
លោក ម៉ាន់ មី អាយុ៣៥ឆ្នាំជាបុគ្គ លិកផ្នែកបើកបររថយន្ដរបស់សាលារស់ នៅក្នុងភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុក ស្វាយរៀងបានឱ្យដឹងថា រូបគាត់ត្រូវ នាយកសាលាសេតថ៍ជួលរថយន្ដ៦គ្រឿង សម្រាប់ដឹងសិស្សមកសាលានិងដឹក ត្រឡប់ទៅផ្ទះ ដោយជួលតម្លៃក្នុង១គ្រឿង ២៥០ដុល្លារក្នុង១ខែ ហើយក្នុងរយៈពេល ៣ខែនេះនៅមិនទាន់បើកថ្លៃឈ្នួលគ្រប់ នៅឡើយគឺបើកឱ្យតែចំនួន១៥០ដុល្លារ ប៉ុណ្ណោះ ។
រីឯយុវសិស្សម្នាក់ឈ្មោះ ឈឹម បូរិន រៀនថ្នាក់ទី១១ នៅសាលាចំណេះទូទៅអន្ដរជាតិសេតថ៍បានឱ្យដឹងថា នៅថ្ងៃទី១ ខែកុម្ភៈនេះ គឺជាថ្ងៃប្រឡងឆមាសទី១ ប៉ុន្ដែរូបខ្លួនមកដល់ឃើញសាលាបិទទ្វារ តែម្ដង។ រីឯសិស្សថ្នាក់ទី៩ និងទី១២បាន ទៅចូលរួមប្រឡងនៅវិទ្យាល័យស្វាយ រៀង ព្រោះសិស្សទាំងអស់នេះគេមានផ្ទះ ជិតសាលា និងដោយសារពួកគេបានដឹង រឿងសាលាបិទទ្វារតាំងពី៣ថ្ងៃមុនមក ម្ល៉េះ ទើបសុំទៅប្រឡងជាមួយសាលារដ្ឋ ។
មាតាបិតាសិស្សបានអំពាវនាវដល់ មន្ទីរអប់រំ និងក្រសួងអប់រំយុវជននិង កីឡា ពិសេសលោកអភិបាលខេត្ដ មេត្ដា ជួយ អន្ដរាគមន៍ឱ្យកូនៗពួកគាត់បាន ប្រឡងឆមាស និងចូលរៀនសាលារដ្ឋ បន្ដទៀតផង ។ ដោយឡែកពួកគាត់សុំឱ្យ គណៈគ្រប់គ្រងសាលាចំណេះទូទៅអន្ដរ ជាតិសេតថ៍សងប្រាក់មកដល់ពួកគាត់ វិិញបើមិនបង្រៀនសិស្សតទៅទៀត ។
ពាក់ព័ន្ធករណីខាងលើនេះលោកប្រធាន ការិយាល័យអប់រំក្រុងស្វាយរៀងបានឱ្យដឹង ថា រូបលោកបានសម្របសម្រួលឱ្យសិស្សា នុសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២បានចូល ប្រឡងនៅវិទ្យាល័យស្វាយរៀងចំនួន២៤ នាក់ ស្រី១២នាក់ ចំពោះសិស្សទី៧,៨,១១ មិនបានចូលប្រឡងឆមាស ដោយរូប លោកកំពុងស្រាវជ្រាវស្រង់ស្ថិតិរាយ រាយការណ៍ជូនមន្ទីរអប់រំយុវជននិងកីឡា ខេត្ដ ដើម្បីសុំឱ្យមានវគ្គប្រឡងមួយសម្រាប់ ឱ្យសិស្សសាលាចំណេះទូទៅឯកជនអន្ដរ ជាតិសេតថ៍នេះ ពិសេសសុំឱ្យសិស្សចាប់ ពីមត្ដេយ្យរហូតដល់ថ្នាក់ទី១២បានចូល រៀននៅតាមសាលារដ្ឋគ្រប់ៗគ្នា ។ ចំពោះ លោក ហ៊ិន ហាក់ នាយករងសាលាអន្ដរ ជាតិសេតថ៌ មិនអាចទំនាក់ទំនងបានទេ នៅរសៀលម៉ោង២ម្សិលមិញ ៕
សាលា ឯកជនចំណេះទូទៅអន្តរជាតិសែតថ៍ប្រមូលលុយសិស្សរួចបិទទ្វារ វិចបង្វិចរត់បាត់ មិនបើកប្រាក់ខែបុគ្គលិក និងគ្រូបង្រៀន
ថ្ងៃទី 13-02-2012 ម៉ោង 16:06:16 ខេត្តបន្ទាយមានជ័យ៖ សាលាឯកជនចំណេះទូទៅអន្តរជាតិសែថ៍ដែល មានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ខាងជើងរង្វង់មូលស្រីគ្រប់ ល័ក្ខណ៍ប្រហែល២០០ម៉ែត្រស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រមូលលុយអាណាព្យាបាលសិស្សរួចហើយ បិទទ្វារវិចបង្វិចដាក់មេ ប្រ៉ុច និងមិនបើកប្រាក់ខែបុគ្គលិក ដោយ បន្សល់ទុកតែ រថយន្តខូចដឹកសិស្សយ៉ាងកញ្ចាស់១គ្រឿង និងសម្ភារៈមួយចំនួនតួច។ អាណាព្យាបាលសិស្ស រួមទាំងបុគ្គលិកគ្រូបង្រៀន កំពុងតែពិចារ ណាដល់ការ ដាក់ពាក្យប្តឹងចោទប្រកាន់ អ្នកគ្រប់គ្រងសាលា ដើម្បីទាមទារយកលុយ ថ្លៃពល កម្ម និងលុយដែលបានបង់ទៅឲ្យសាលាមកវិញ។
តាមប្រភពព័ត៌មានពីអាណាព្យាបាល សិស្សបានប្រាប់អ្នកយកព័ត៌មាន ថា គាត់មានកូន២នាក់រៀននៅសាលាចំណេះទូទៅអន្តរជាតិសែថ៍ដោយបង់លុយអស់ ៧០០ដុល្លារ ។ ចំណែកអាណាព្យាបាលមួយចំនួនទៀតបង់លុយ២៥០ដុល្លារ បង់ទៅតាមកំរិតថ្នាក់ហើយការបង់លុយនោះបង់ជាប្រចាំឆ្នាំ។
បើតាមប្រភពព័ត៌មានពី សិស្សានុសិស្សបានប្រាប់អ្នកយកព័ត៌មានយើងឲ្យ កាលពីព្រឹកថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០១២ថា ជាង២សប្តាហ៍ទៅហើយ ដែលពួកគេបានមករៀន ដោយ មិនមានគ្រូបង្រៀន និងមកដល់សាលាមានភាពស្ងាត់ជ្រងុំ មិនដឹងថា អ្នកធ្វើការក្នុងសាលាទៅណានោះទេ ហើយពួកគេតែងតែមកសា លាជានិច្ចទើបនៅព្រឹកថ្ងៃទីថ១៣ ខែកុម្ភៈនេះ ឃើញសាលាបានបិទទ្វារតែម្តង។
បើតាមប្រភពព័ត៌មានពីអាណាព្យាបាល បុគ្កលិកបំរើការងារនៅក្នុងសាលានេះដែរបានប្រាប់ឲ្យដឹងទៀតថា កូនគាត់បានធ្វើការនៅក្នុងសាលាជិតមួយឆ្នាំ ទៅហើយ ប៉ុន្តែរយៈពេល៣ខែចុងក្រោយ សាលាមិនបានបើកប្រាក់ខែឲ្យកូនគាត់នោះទេ ដោយ៣ខែសរុបចំនួន២៨០ដុល្លារ ហើយបុគ្គលិកដទៃទៀតក៏អត់បើក ដូចគ្នានេះដែរ។ ជាមួយគ្នានេះដែរទោះបីជាលោកគ្រូបង្រៀនក៏សាលាមិនបើក ប្រាក់ខែឲ្យផងដែរ។ ដូច្នេះទើបគ្រួភាគច្រើនបាននាំគ្នាមិនមកបង្រៀនសិស្ស។ ប្រ ភពព័ត៌មានដែលបានបន្តទៀតថា ទាំងសិស្សរៀនថ្នាក់មតេយ្យនិង រហូតរៀនដល់ថ្នាក់ទី១២មានចំនួនប្រមាណជាង២០០នាក់ផងដែរ។
បើតាមម្ចាស់ផ្ទះបានប្រាប់អ្នក យកព័ត៌យើងបន្តថា ពួគគាត់មិនដឹងរឿង អី ទេដោយគាត់មិនបាននៅផ្ទះជាប់រវល់ទៅធ្វើការងារតាមខេត្តលុះនៅថ្ងៃ ស្រុកទី ១១ ខែកុម្ភៈ គាត់មកផ្ទះស្រាប់តែឃើញផ្ទះដែលសាលាជួលមានភាពស្ងាត់ជ្រងុំ ហើយខាងសាលាមិនដឹងនាំគ្នាទៅណាអស់ ទើបនៅព្រឹកថ្ងៃទី១៣នេះ មានឪ ពុកម្តាយសិស្សមួយចំនួនបានមកប្រមូលផ្តុំគ្នាមកតវ៉ានៅមុខសាលា។ គាត់បានបន្តទៀតថា ខាងសាលាបានធ្វើកុងត្រាជាមួយគាត់ជាម្ចាស់ផ្ទះរយៈពេល៥ឆ្នាំដោយ ក្នុង១ខែបង់ថ្លៃផ្ទះ៩០០ដុល្លារ ប៉ុន្តែ៩០០ដុល្លារ នេះកន្លងមកសាលាប្រគល់ប្រាក់មិនបានគ្រប់ទេ ហើយរយៈពេល២ខែចុងក្រោយសាលាជំពាក់មិនបានឲ្យប្រាក់ផងដែរ។
ម្ចាស់ផ្ទះបានបន្ថែមទៀតថា អ្នកដែលធ្វើកិច្ចសន្យាកុងត្រាថ្លៃផ្ទះមាន ឈ្មោះ ស៊ុន ភក្តី ដែលគេប្រាប់ថាជាទីប្រឹក្សារបស់សម្តេចជាស៊ីម ហើយមានតួ នាទីជាអ្នកគ្រប់គ្រងទូទៅ ប៉ុន្តែឈ្មោះស៊ុន ភក្តី មិនបានឃើញមុខយូរហើយគឺ គ្រប់គ្រងសាលាមានឈ្មោះស៊ុន សម្ផស្ស ជាចាត់ការទូទៅជំនួស។ សាលានេះ ទើបតែបើក ដំណើរការមិនទាន់ដល់១ឆ្នាំផង។
អ្នកតំណាងទីផ្សារសាលាម្នាក់សុំ មិបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌ មានយើងតាមទូរសព្ទ័ថា សាលាបិទទ្វារលោកមិនបានដឹងទេ ខណៈដែលលោក មកពីភ្នំពេញវិញ ស្រាប់តែឃើញសាលាបិទទ្វារ។ លោក មានបំណងប្តឹងសាលាផងដែរ ដោយជំពាក់នៅជំពាក់លុយលោក២.០០០ដុល្លារនិងជំ ពាក់ ប្រាក់ខែលោកជិត៧ខែហើយ ដោយប្រាក់ខែលោកត្រូវបាន១០០ដុល្លារ។ សិស្ស រៀនក្នុងសាលា សែថ៍មានជិត៣០០នាក់់។ ដោយមានសិស្សខ្លះបានបង់លុយរួច ហើយសិស្សមួយចំនួននៅមិនទាន់បង់លុយ។ បង់លុយទៅតាមសាលាpromotion បង់ចាប់ពី២៥០ដុល្លាររហូតដល់៥០០ដុល្លារ។ លោកនឹងទៅភ្នំពេញដើម្បីទាមទារ យកប្រាក់ខែនិងលុយជំពាក់លោក។
លោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំខេត្តបានប្រាប់អ្នកយកព័ត៌មាន យើងតាមទូរសព្ទ័ទៀតថា ករណីនេះក្រុមការងារ ចម្រុះបានចុះទៅធ្វើការងារនេះហើយក្រុមងារចម្រុះនឹងស្រាវជ្រាវថា តើមានសិស្សប៉ុន្មាននាក់រៀននៅទីនោះ។ ខាងមន្ទីរនិងពិនិត្យមើលចាត់ចែងសិស្សទាំងនោះទៅរៀនតាមសាលានៅជិត ផ្ទះ ពួកគេផងដែរបន្ទាប់មកលោកបិទទូរស័ព្ទប្រាប់ថារវល់ណាស់។
ករណីនេះ អាណាព្យាបាលសិស្សមានការរិះគន់ធ្ងន់ៗទៅដល់អាជ្ញាធរ និងមន្ទីរក្រសួងពាក់ព័ន្ធ ហេតុអីបានបណ្តែតបណ្តោយឲ្យសាលាឯកជនបើក ហើយបែរបោកប្រាស់លុយកាក់បិទទ្វាររត់បាត់ដោយមកធ្វើនំអត់ម្ស៉ៅដូ ច្នះ។គួរបញ្ជាក់ថាសាលាឯកជននៅក្នុងខេត្តបន្ទាយមានជ័យមានការរីក ដុះដាលដូចផ្សិតក្នុងនោះមានសាលាមួយចំនួនបានបិទទ្វារប្រមូលលុយ រត់បាត់ដូចជាសាលា អន្តរជាតិអ៊ីលតុនជាដើមហើយមកដល់ថ្ងៃនេះអ្នករងគ្រោះមិនទាន់បាន សំណង នោះមកវិញផង ដោយអ្នករងគ្រោះមានតែប្រជាពលរដ្ឋប៉ុណ្ណោះ។
ពួកគាត់សុំណូមពរដល់អាជ្ញាធរ និងមន្ទីរ ក្រសួងពាក់ព័ន្ធសុំពិនិត្យឡើងវិញនូវសាលាឯកជនទាំងឡាយដែលបើកក្នុង ខេត្តបន្ទាយមានជ័យ ក្រែងកើតមានរឿងដដែលដូចសាលាខាងលើនេះទៀត៕
Powered by Blogger.